សេចក្តីផ្តេីម

នៅក្នុងបឋមវ័យ ខ្ញុំបានឮមនុស្សជាច្រេីននាក់និយាយថា ជីវិតមនុស្សយេីងគ្រប់រូបសុទ្ធតែត្រូវបានកំណត់មកជាស្រេចដោយ            ព្រហ្មលិខិត ដែលជាអ្នកសម្រេចលេីជោគវាសនារបស់យេីងម្នាក់ៗ។ កាលនោះខ្ញុំធ្លាប់ជឿថាប្រហែលជាយ៉ាងដូច្នេះមែន តែខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវស្វែងរកហេតុផល និងភស្តុតាង ដេីម្បីមកបញ្ជាក់លេីអំណះអំណាងនេះជាមុនសិន។ មកទល់ពេលនេះក៏នៅតែមានមនុស្សមួយចំនួននៅជឿថាព្រហ្មលិខិត ជាអ្នកកំណត់ជោគវាសនារបស់មនុស្សដដែល។ អ្នកដែលយល់ឃេីញដូច្នេះ ភាគច្រេីនជាអ្នកដែលត្រូវលួងលោមខ្លួនឯង កំុអោយមានការឈឺចាប់ ឬតូចចិត្ត ពីព្រោះស្ថានភាពជីវិតរបស់ពួកគេមិនសូវល្អ និងជួបការលំបាកច្រេីន ឬយេីងហៅថា ជាអ្នកដែលមិនជោគជ័យនៅក្នុងជីវិត។ ប្រសិនបេីនេះជាមធ្យោបាយក្នុងការលួងលោមចិត្ត ខ្ញុំមិនមានអ្វីត្រូវនិយាយទេ ព្រោះវាក៏ជាវិធីមួយដែរ ដែលអាចកាត់បន្ថយទុក្ខ និងភាពសោកសៅរបស់មនុស្សបាន។

ប៉ុន្តែបុគ្គលដែលជោគជ័យនៅក្នុងជីវិត ឬអ្នកដែលមានស្ថានភាពជីវិតល្អប្រសេីរទាំងអស់ដែលខ្ញុំបានស្គាល់ សុទ្ធតែគិតថាជីវិតពួកគេបានជោគជ័យ គឺដោយសារតែការតស៊ូប្រឹងប្រែង និងការព្យាយាមរបស់ពួកគេនាពេលកន្លងមក និងនៅក្នុងពេលបច្ចុប្បន្ន។

ចុះអ្នកវិញ? តេីអ្នកជឿលេីទស្សនៈមួយណា?

អស់រយៈពេលជាង ៣០ឆ្នាំ ខ្ញុំបានស្វែងរកភស្តុតាង និងហេតុផលជាច្រេីន តាមរយៈការដកពិសោធជីវិតខ្លួនឯងផ្ទាល់ និងការស្វែងយល់អំពីជីវិតរបស់បុគ្គលជោគជ័យជាច្រេីននាក់ទៀត ហេីយយោងតាមហេតុផល និងភស្តុតាងទាំងអស់នេះ ខ្ញុំហា៊នបដិសេធចោលទស្សនៈ ដែលថាព្រហ្មលិខិតគឺជាអ្នកកំណត់ជោគវាសនារបស់មនុស្ស។ ផ្ទុយទៅវិញ ខ្ញុំជឿថាមនុស្សយេីងជាអ្នកទទួលខុសត្រូវក្នុងការកំណត់ជោគវាសនារបស់ខ្លួនឯង ហេីយស្ថានភាពរបស់យេីងនាពេល
បច្ចុប្បន្ន គឺជាលទ្ធផលនៃការប្រព្រឹត្តិរបស់យេីងនាពេលកន្លងមក និងនាពេលបច្ចុប្បន្ន។ ហេតុផលដែលនាំអោយខ្ញុំជឿយ៉ាងដូច្នេះ គឺមានសរសេរនៅក្នុងសៀវភៅនេះស្រាប់។ ប្រសិនបេីអ្នក
មិនយល់ស្របជាមួយខ្ញុំទេ សូមអ្នកទុកពេលអោយខ្លួនអ្នកបានអានសៀវភៅនេះចប់សិន រួចចាំអ្នកគិតពិចារណាសារថ្មីឡេីងវិញ។

ខ្ញុំមេីលឃេីញជីវិតស្រដៀងទៅនឹងផ្កា គឺមានពេលខ្លះរីកស្រស់បំព្រង និងមានពេលខ្លះស្រពោនក្រៀមស្វិត។ ជីវិតហាក់ដូចជាសៀវភៅរឿងប្រលោមលោកមួយក្បាល ដែលមានជំពូកខ្លះរីករាយ​ និងមានជំពូកខ្លះកម្សត់ និងកេីតទុក្ខ។ ជីវិតខ្ញុំផ្ទាល់ក៏ដូចគ្នានេះដែរ គឺមានជំពូកដែលកម្សត់រកលេខដាក់គ្មាន ហេីយក៏មានជំពូកខ្លះរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបានដែរ។ អ្នកនឹងបានដឹងអំពីរសជាតិទាំងនេះនៅពេលអានសៀវភៅនេះចប់។ សូមអនុញ្ញាតិអោយខ្ញុំចាប់ផ្តេីមនូវជំពូកនៃជីវិតកម្សត់កម្ររបស់ខ្ញុំជាមុនទៅចុះ៖

កាលនៅវ័យកុមារ ខ្ញុំបានរំខានការដេកពួនរបស់សត្វមិនតិចទេ ហេីយនៅពេលដែលខ្ញុំនឹកឃេីញដល់រឿងទាំងនោះ ខ្ញុំនៅព្រឺសម្បុរនៅឡេីយ។ នៅខាងត្បូងផ្ទះខ្ញុំមានស្រះកំប្លោក២ ដែលមានផ្កាព្រលិត
និងផ្កាកំប្លោក ដែលជាផលិតផល និងវត្ថុធាតុដេីមនៃមុខរបស់របស់ខ្ញុំកាលពីនៅបឋមវ័យ។ នៅរៀងរាល់ម៉ោងជិត ៥ ទៀបភ្លឺ ខ្ញុំតែងចុះទៅក្នុងស្រះនោះ ដេីម្បីដកផ្កាព្រលិត និងបេះផ្កាកំប្លោក។ ខ្ញុំត្រូវចងពីដុង ទទេមួយក្រវ៉ាត់ជាប់នឹងចង្កេះដោយខ្សែ ដេីម្បីកំុអោយខ្លួនខ្ញុំលិចទឹក ព្រោះជម្រៅស្រះនោះជ្រៅខ្លាំងណាស់ ជាពិសេសសម្រាប់ក្មេង ដែលមានកំពស់ប្រហែល១ម៉ែត្រប៉ុណ្ណោះ។ ដៃម្ខាងដកផ្កាព្រលិត និងផ្កាកំប្លោក ឯដៃម្ខាងទៀតរុញចានដែក (សម្រាប់ដាក់ព្រលិត និងផ្កាកំបោ្លក)។ ផ្កាព្រលិតមួយចំនួនដែលខ្ញុំដកបានមក ត្រូវចងដុំសម្រាប់លក់ ហេីយមួយចំនួនទៀតត្រូវចិញ្ច្រាំជាចំណីជ្រូក ព្រោះម្តាយខ្ញុំពូកែចិញ្ចឹមជ្រូកសម្រាប់លក់។ រីឯផ្កាកំបោ្លកមួយចំនួនត្រូវទុកធ្វេីជាអន្លក់ទឹកគ្រឿង និងមួយចំនួនទៀតត្រូវចងដុំលក់យកប្រាក់ដែរ។ ខ្ញុំត្រូវងេីបចេញពីទឹកអោយបានមុនថ្ងៃរះ ព្រោះត្រូវរៀបចំខ្លួនទៅសាលារៀនអោយទាន់ពេល។ការងារនេះគ្មានអ្វីអស្ចារ្យទេ ព្រោះវាជាការងារស្រាលមួយសម្រាប់ខ្ញុំ តែអ្វីដែលធ្វេីអោយខ្ញុំព្រឺសម្បុរនោះគឺខ្ញុំបានដាស់សត្វពស់ជាច្រេីនក្បាលដែលកំពុងដេកលក់នៅក្នុងគុម្ពកំប្លោកនោះ។ ខ្ញុំអាចស្តាប់ឮសម្លេងពស់លូន និងបានឃេីញពស់ខ្លះទៀតហក់លោតក្រញែងខ្លួនព្រោះវាភ្ញាក់នឹងខ្ញុំ។ ប៉ុន្តែពស់ទាំងនោះប្រហែលជាពស់ស្លូតបូតទេ ទេីបពួកវាមិនចឹកខ្ញុំ ឬមួយក៏ពួកវាចាត់ទុកខ្ញុំថាជាសត្វមួយក្បាលដែរ ដែលមានមាឌធំជាងវា ហេីយតែងតែមករំខានពួកវាមិនអោយដេកបានស្កប់ជារៀងរាល់ព្រឹក។ចំណែកឯសត្វដែលមានសំណាងជាងគេនៅពេលនោះគឺសត្វឈ្លេីង ព្រោះខ្ញុំបានផ្តល់ឈាមស្រស់របស់ខ្ញុំអោយទៅវាធ្វេីជាអាហារជារៀងរាល់ព្រឹក។ ដៃម្ខាងជាប់កាន់ចានដែក ឯដៃម្ខាងទៀតរវល់
ដកព្រលិត និងបេះផ្កាកំប្លោក តេីខ្ញុំធ្វេីយ៉ាងណាអាចរារាំងសត្វឈ្លេីងជាច្រេីនក្បាល ដែលហែលសំដៅមកទំុលេីរាង្គកាយរបស់ខ្ញុំបានទៅ? ខ្ញុំអាចមានអារម្មណ៍ដឹងថាពួកវាបានតោងខ្ញុំចាប់ពីត្រឹមក្លៀកចុះក្រោម ហេីយមិនមែន១ មិនមែន២ មិនមែន៣ គឺច្រេីន។ ពេលដែលឈ្លេីងទាំងនោះទាមខ្ញុំមួយចំអែត ពួកវាក៏របូតជ្រុះដោយខ្លួនឯង ប៉ុន្តែនៅពេលដែលខ្ញុំឡេីងពីទឹកម្តងៗ ក៏នៅមានសល់​ឈ្លេីងប្រហែលពី ៣ ទៅ ៥ ប្រាំទៀត ដែលមិនទាន់ធ្លាក់ចេញពីរាង្គកាយរបស់ខ្ញុំ។ ដូច្នេះខ្ញុំត្រូវបេះពួកវាគ្រវាត់ចោល ហេីយខ្ញុំអាចមេីលឃេីញស្នាមឈាមហូរចេញមកព្រេញៗនៅត្រង់កន្លែង ដែល
ឈ្លេីងបានខាំ។ ពេលចុះក្នុងទឹកភ្លាម ប្រហែល ៥ ទៅ ១០​​​ នាទីដំបូង ខ្ញំុរងារខ្លាំងណាស់ ព្រោះទឹក
ស្រះនោះត្រជាក់ជាងទឹកបឹង ឬទឹកទន្លេឯទៀត ដោយសារវាមានដេីមកំប្លោកក្រាស់ខ្មឹកគ្របជិតពី
លេីផ្ទៃទឹក ធ្វេីអោយសីតុណ្ហភាពវា ត្រជាក់ជាងធម្មតា។ការងេីបឡេីងពីសង្គ្រាមបានធ្វេីអោយកុមារជាច្រេីននាក់នៅសម័យនោះ ត្រូវជួយធ្វេីការងារដល់ឳពុកម្តាយ ដេីម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត និងសម្រាប់ការចំណាយទៅលេីសំលៀកបំពាក់ និង
សំភារៈសិក្សា។ល។ ដូច្នេះកិច្ចការខាងលេីនេះ គ្រាន់តែជាការងារមួយ ក្នុងចំណោមការងារជាច្រេីនផ្សេងទៀត។នៅឆ្នាំ ១៩៩១ ខ្ញុំចង់រៀនភាសារអង់គ្លេស ព្រោះនៅពេលនេះ មានគ្រូបង្រៀនភាសារអង់គ្លេសបានបេីកបង្រៀនគួ នៅសាលារៀនជិតផ្ទះរបស់ខ្ញុំ។ ប៉ុន្តែពេលនោះខ្ញុំមិនមានប្រាក់ដេីម្បីបង់ថ្លៃរៀនគួ
នេះទេ​​​។ ដោយសារចិត្តអន្ទះអន្ទែងចង់រៀនភាសារអង់គ្លេសខ្លាំងពេក ខ្ញុំតែងតែទៅឈរនៅមាត់បង្អួច ដេីម្បីលបស្តាប់លោកគ្រូអាន និងពន្យល់ដល់សិស្ស និងលួចធ្វេីមាត់ម្ហបៗតាមគាត់ដេីម្បី
រៀនប្រកបអក្សរ។ ពេលនោះខ្ញុំក៏មានកូនសៀវភៅកំណត់ត្រាតូចមួយក្បាល និងខ្មៅដៃមួយដេីម​​​ដេីម្បីសរសេរផងដែរ។ ជារៀងរាល់ល្ងាចខ្ញុំតែងតែទៅឈរនៅទីនោះ ហេីយបង្ហេីបង្អួចបន្តិចដេីម្បី
លួចមេីល និងស្តាប់លោកគ្រូបង្រៀនភាសារអង់គេ្លស។មួយសប្តាហ៍ក្រោយមក លោកគ្រូបានកត់សំគាល់វត្តមានរបស់ខ្ញុំជាទៀងទាត់ និងជាប្រចាំ។ ល្ងាចមួយខណៈដែលគាត់ដាក់លំហាត់អោយសិស្សធ្វេីនៅក្នុងថ្នាក់ គាត់ក៏ដេីរចេញមកក្រៅថ្នាក់សំដៅ
មករកខ្ញុំ។ ពេលឃេីញគាត់ខ្ញុំភ័យព្រួចពោះ រួចក៏ដេីរគេច ចេញយ៉ាងលឿន ប៉ុន្តែលោកគ្រូបានបក់ដៃហៅអោយខ្ញុំឈប់។ ខ្ញុំមិនទុកចិត្តខា្លចត្រូវគាត់ស្តីបន្ទោសក៏រត់បន្តទៀត។ លោកគ្រូក៏ព្យាយាមដេីរ
តាមពីក្រោយ និងបន្តបក់ដៃស្រែកហៅដោយមានទឹកមុខញញឹមផង។ ខ្ញុំឈប់បន្តិច ហេីយសុខចិត្តដេីរចូលមករកលោកគ្រូ ទាំងទឹកមុខស្លេកស្លាំង និងមានអារម្មណ៍ភិតភ័យផង។ លោកគ្រូបាននិយាយថា “ខ្ញុំឃេីញប្អូនឯងមកថ្នាក់ខ្ញុំជារៀងរាល់ថ្ងៃ ចុះហេតុអ្វីប្អូនមិនចូលរៀននិងគេ?”​​​ ខ្ញុំក៏ប្រាប់គាត់អំពីស្ថានភាពគ្រួសាររបស់ខ្ញុំ និងការខ្វះខាតប្រាក់ដេីម្បីបង់ថ្លៃរៀន។ គាត់ក៏មានក្តីមេត្តាហេីយអនុញ្ញាតិអោយខ្ញុំរៀនភាសារអង់គ្លេសដោយឥតគិតថ្លៃ តែខ្ញុំត្រូវធ្វេីកិច្ចការអោយគាត់ចំនួន៣៖ ទី១ គឺត្រូវរៀបចំតុ កៅអីអោយមានសណ្តាប់ធ្លាប់ ទី២ត្រូវជូតសម្អាតក្តាខៀន និងទី៣ ត្រូវប្រមូលលុយអោយគាត់ មុនពេលបញ្ចប់ម៉ោងសិក្សា។ ខ្ញុំត្រេកអរយ៉ាងខ្លាំងក៏ទទួលយកលក្ខខ័ណ្ឌការងារទាំង៣នេះភ្លាម។ ពេលដេីរទៅផ្ទះវិញខ្ញុំរំភេីបចិត្ត និងញញឹមស្ទេីបិទមាត់មិនជិត។ ពិតមែនហេីយ ការងារទាំង៣នេះ មិនពិបាកអ្វីឡេីយសម្រាប់ខ្ញុំ គ្រាន់តែសម័យនោះ ពំុមានក្តាខៀនសរសេរ
ដោយហ្វឺតដូចឥឡូវនេះទេ គឺមានតែក្តាខៀនសរសេរដោយដីស។ ដូច្នេះពេលលប់ក្តាខៀនម្តងៗក្បាលរបស់ខ្ញុំគឺជាទម្រនៃលម្អងដីស ដែលជ្រុះពីលេីក្តាខៀនមក។

នេះហេីយជាការចាប់ផ្តេីមនៃការរៀនភាសារអង់គេ្លសរបស់ខ្ញុំ។

ខាងលេីនេះគឺជាអតីតកាល និងជារសជាតិមួយជ្រុងនៃជីវិតពិតរបស់ខ្ញុំ។ ប៉ុន្តែស្ថានភាពទាំងនោះ ពុំអាចរារាំងខ្ញុំពីការកសាងជីវិតថ្មីមួយ ដែលមានអត្ថន័យ និងការធ្វេីអោយសុបិន្តរបស់ខ្ញុំក្លាយទៅជាការពិតបានឡេីយ។ ខ្ញុំហៅការផ្លាស់ប្តូរនេះថាជាការបម្លែងជីវិត។

ដេីម្បីជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ ខ្ញុំសម្រេចចិត្តចែករំលែកបទពិសេាធន៍ជីវិតរបស់ខ្ញុំ និងចំណេះដឹងដែលខ្ញុំទទួលបានពីការងារ និងពីការសិក្សារយៈពេលជាង ៣០ឆ្នាំរបស់ខ្ញុំនៅក្នុង
សៀវភៅនេះ។ មានកត្តាចំបងៗ ៣យា៉ង ដែលខ្ញុំជឿថាមានសារៈសំខាន់សម្រាប់ភាពជោគជ័យដ៏យូរអង្វែង ប្រកបដោយភាពរីករាយ សុភមង្គល និងអត្ថន័យ សម្រាប់ជីវិតមនុស្សយេីងម្នាក់ៗគឺ៖ទី១ ការស្គាល់ខ្លួនឯង ការរៀបចំគោលដៅជីវិត និងធ្វេីសកម្មភាពអោយបានត្រឹមត្រូវ ទី២ ការមានជំនឿចិត្តលេីខ្លួនឯង និងការបង្កេីតអោយមានទម្លាប់ល្អដែលនាំទៅរកភាពជោគជ័យ និង​ ទី៣ គឺការប្រកាន់ខ្ជាប់នូវគោលការណ៍គុណធម៌ និងការប្រព្រឹត្តិត្រឹមត្រូវ។ កត្តាចំបងៗទាំងនេះ មានសរសេរនៅក្នុងជំពូកទាំង៣ នៃសៀវភៅនេះ ដែលមាន         ខ្លឹមសារទាំងស្រុងដូចតទៅ។

អានបន្ដ: http://preapkol.com/ជំពូក១-ស្គាល់ខ្លួនឯង-រៀ/

It's only fair to share...Share on Facebook0Share on Google+0Tweet about this on TwitterShare on LinkedIn0