ជំពូក​១ ៣. កំណត់គោលដៅសម្រាប់ជីវិត

៣.​​​ កំណត់គោលដៅសម្រាប់ជីវិត

បើទោះបីជាការរៀបចំប្លង់ជីវិត មានសារៈសំខាន់ដូចការរៀបចំប្លង់ផ្ទះ ឬអាគារក្តី រយៈពេលនៃការស្ថាបនាជីវិតគឺត្រូវការពេលវេលាយូរជាងការសាងសង់ផ្ទះ ឬអគារ។ សមិទ្ធិផលជីវិត ដែលពេញលេញ ត្រូវមានធាតុផ្សំនៃភាពជោគជ័យ សុភមង្គល ភាពរីករាយ និងជីវិត ដែលមានអត្ថន័យ។ ដើម្បីទទួលបានសមិទ្ធិផលនេះ យើងត្រូវការពេលវេលាយូររហូតដល់រាប់សិបឆ្នាំឯណោះ។ ដោយសារតែមានរយៈពេលវែងបែបនេះហើយ ទើបមានមនុស្សជាច្រើនសម្រេចចិត្តបោះបង់ ការតស៊ូព្យាយាម របស់ខ្លួនចោលនៅពាក់កណ្តាលផ្លូវ ព្រោះតែគេខ្វះនូវភាពអត់ធ្មត់ ឬអស់ជំនឿចិត្ត និងក្តីសង្ឃឹម ហើយបែរទៅលួងលោមខ្លួនឯងដោយការស្តីបន្ទោសទៅលើព្រេង វាសនា និងព្រហ្មលិខិតទៅវិញ។

ភាពជោគជ័យដ៏ពេញលេញរបស់មនុស្ស គឺជាការបូកផ្សំរួមគ្នារវាងសមិទ្ធិផលជោគជ័យនៃបំនែកតូចៗជាច្រើនផ្នែក និងជាច្រើនដំណាក់កាល។ ពុំមានវេទមន្តសក្តិសិទ្ធអ្វី ដែលអាចជប់អោយចេញភាពជោគជ័យដ៏ពេញលេញមួយភ្លាម ដូចនៅក្នុង ភាពយន្ត ឬនៅក្នុងរឿងនិទាននោះទេ។ ហេតុដូច្នេះហើយទើបយើងត្រូវបង្កើតតគោលដៅតូចៗ ជាដំណាក់កាលៗ ដើម្បីយើងអាចវាស់វែងភាពជោគជ័យជាជំហ៊ានៗរបស់យើង និងដើម្បីជាការផ្តល់នូវកំលាំងចិត្តអោយយើងបានអបអរសាទរ នូវតាមដងផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកភាពជោគជ័យដ៏ពេញលេញរបស់យើង។គោលដៅគឺត្រូវបានគេប្រើជាឧបករណ៍សំរាប់វាស់នូវលទ្ធផល ដែលយើងបានដៅទុកជាមុនដោយមានពេលវេលាកំណត់ជាក់លាក់។ រយៈពេលនៃគោលដៅ គឺវាអាស្រ័យទៅលើយើង ជាអ្នកកំណត់ ប៉ុន្តែជាទូទៅគេនិយមកំណត់គោលដៅ រយៈពេលពី ៣ឆ្នាំទៅ៥ឆ្នាំ និងមានអ្នកខ្លះកំណត់គោលដៅរបស់ខ្លួនសំរាប់រយៈពេល​​​១០ឆ្នាំក៏មានដែរ។

៣.១​​​ សារៈប្រយោជន៍នៃការកំណត់គោលដៅ

រាល់ការរីកចម្រើនឡើងនិងភាពជោគជ័យរបស់មនុស្ស ត្រូវតែឆ្លងកាត់ការ ផ្លាស់ប្តូរជានិរន្តរ៍ ឬឥតឈប់ឈរ ហើយភាពដដែលៗគឺជាឧបសគ្គនៃការលូតលាស់
និងការរីកចម្រើនឡើងរបស់មនុស្ស។ ការកំណត់គោលដៅគឺជាការចាប់ផ្ដើមផ្លាស់ប្តូរគំនិត ដើម្បីឈានទៅរកភាពល្អប្រសើរជាងមុន និងអាចអោយយើងដឹងទិសដៅ ដែលយើងត្រូវធ្វើដំណើរឆ្ពោះទៅ និងដឹងអំពីអ្វីដែលយើងចង់
បាន។ ការដឹងអំពីទិសដៅនេះមានសារៈសំខាន់ណាស់ ព្រោះថាវាអាចជួយអោយយើងធ្វើដំណើរឆ្ពោះទៅមុខបានយ៉ាងលឿន មិនខ្ជះខ្ជាយពេល វេលាព្រម ទាំងមានកម្លាំងកាយ និងកម្លាំងចិត្ត។

ឧទាហរណ៍ អ្នកកំពុងស្ថិតនៅស្តុបចំការមន រួចអ្នកបោយដៃហៅម៉ូតូឌុប។ អ្នករត់ម៉ូតូឌុបក៏មកដល់ហើយអ្នកក៏បានឡើងជិះម៉ូតូ។ រំពេចនោះពូម៉ូតូឌុបសួរអ្នកថា តើប្អូនអញ្ជើញទៅណា?អ្នកក៏ឆ្លើយថាខ្ញុំទៅផ្សារទួលទំពូង។​ពេលនោះពូម៉ូតូឌុបប្រាកដជាដឹកអ្នកទៅដល់ផ្សារទួលទំពូង។ក្នុងរយៈពេលប្រហែល ១០ ទៅ១៥ នាទី។ ចុះឧបមាថាបើពេលពូម៉ូតូឌុបសួរ អ្នកនៅពេលអ្នកឡើងជិះម៉ូតូនៅស្តុបចំការមន ហើយអ្នកបែរជាឆ្លើយ ថាខ្ញុំមិនដឹងទៅទីណាទេ។ ​​​តើពេលនោះមានរឿងអ្វីកើតឡើង? តើអ្នកអាចទៅដល់គោលដៅដែរឬទេ?

មានមនុស្សមិនតិចនាក់ទេ ដែលមិនដឹងអំពីគោលដៅជីវិតរបស់ខ្លួន ឬអ្វីអោយជាក់លាក់ពិតប្រាកដ ដែលខ្លួនចង់បាននៅក្នុងជីវិត។ មនុស្សជាច្រើនបានត្រឹមតែនិយាយ​ថាខ្ញុំចង់ក្លាយជាអ្នកមាន​​​​ខ្ញុំចង់បានសេចក្តីសុខ   ឬខ្ញុំចង់ទៅលេងកន្លែងកំសាន្តជាចច្រើន។ល។ ការចង់បានបែបនេះ​គេមិនហៅថាជាការកំណត់គោលដៅជីវិតនោះទេ។​វាប្រៀបបានទៅនឹងអ្នកប្រាប់ពូម៉តូឌុបថាអ្នកចង់ទៅខណ្ឌមានជ័យ ដូច្នេះពូម៉ូតូឌុប
អាចត្រឹមតែដឹកអ្នកទៅដាក់នៅលើស្ពានស្ទឹងមានជ័យតែប៉ុណ្ណោះ​គឺមិនអាចជូន​អ្នកដល់គោលដៅបានទេ ពីព្រោះអ្នកមិនបានប្រាប់អំពីគោលដៅជាក់លាក់ និងច្បាស់លាស់នោះទេ។

សារៈប្រយោជន៍មួយទៀតគឺថា នៅពេលអ្នកបានកំណត់គោលដៅជាក់លាក់ និងច្បាស់លាស់ អ្នកនឹងផ្តោតការគិត  ផ្តោតអារម្មណ៍ និងកម្លាំងកាយចិត្ត និងធ្វើសកម្មភាពឆ្ពោះសំដៅទៅរកគោលដៅនោះ ហើយជាលទ្ធផល អ្នកនឹងអាចទៅដល់គោលដៅនោះនៅពេលវេលាកំនត់ណាមួយដ៏ឆាប់។ ប្រសិនបើ អ្នកមិនបានទៅដល់ គោលដៅនោះទាំងស្រុងនៅក្នុងពេលវេលាដែលអ្នកបានកំណត់ទុកមុនទេនោះ អ្នកក៏បានធ្វើដំណើរ ទៅជិតដល់រួចទេហើយ គឺប្រហែលនៅសេសសល់តែបន្តិចទៀតតែ ប៉ុណ្ណោះ។

កាផ្តោតការគិត  ផ្តោតអារម្មណ៍ កម្លាំងកាយចិត្ត និងធ្វើសកម្មភាពនេះមានថាមពល ខ្លាំងណាស់ក្នុងការសម្រេចបាននូវភាពជោគជ័យរបស់យើង។​វាប្រៀបបានទៅនឹងការដែលយើងយកកញ្ចក់ឆ្លុះមុខដាក់អោយស្រូបកំដៅព្រះអាទិត្យ ហើយបញ្ចាំងពន្លឺដែលផ្លាតចេញពីកញ្ចក់នោះសំដៅទៅចំចំនុចគោលដៅនៃវត្ថុ ឬអង្គធាតុអ្វីមួយ។ ប្រាកដណាស់ថាពន្លឺកញ្ចក់នោះពិតជាអាចជះឥទ្ធិពល ទៅលើវត្ថុនោះជាពុំខាន ប្រសិនបើអ្នកបញ្ចាំងពន្លឺនោះចំវត្ថុដែលងាយឆាបឆេះដូចជាសំលី
ឬក្រណាត់ស្ដើង វាអាចនឹងឆេះទៅជាភ្លើងបានហើយបើអ្នកបញ្ចាំងពន្លឺនេះទៅកាន់ ចំនុចមួយរយៈពេលយូរ សូម្បីតែវត្ថុរឹងដូចជាស្ពាន់ ឬអាលុយមីញ៉ូមក៏អាចរលាយ បានដែរ។ ហេតុដូច្នេះការប្រមូលផ្តុំនៃគំនិត អារម្មណ៍ កម្លាំងកាយចិត្ត និងសកម្មភាព របស់យើងក៏ដូចគ្នាដែរ គឺវាអាចមានអានុភាព និងថាមពលយ៉ាងខ្លាំង ដែលអាចអោយយើងសម្រេចបានជោគជ័យអ្វីមួយដែលយើងប៉ងប្រាថ្នា។

ការបង្កើតគោលដៅសមហេតុផលអាចជួយអោយយើងមានអារម្មណ៍រំភើប និងផ្លាស់ប្តូរពីភាពអស់សង្ឈឹមទៅជាមានសង្ឈឹមពីព្រោះយើងអាចស្រម៉ៃ មើលឃើញលទ្ធផលជោគជ័យក្នុងជីវិត យើងនៅនឹងមុខ ដែលនឹងធ្វើឲ្យជីវិតយើងរឹតតែល្អប្រសើរឡើងជាងពេលបច្ចុប្បន្ន ឬវាអាចដោះស្រាយបញ្ហាដែលយើងកំពុងតែជួបប្រទះក្នុង ពេលនេះ។ ការស្រម៉ៃឃើញដូច្នេះពិតជាធ្វើឲ្យយើងមានអារម្មណ៍រំភើប និងធូរស្រាលមួយកំរិត។ វាមិនមែនជាការស្រម៉ៃឥតបានការនោះទេ ប៉ុន្តែយើងអាចមានសមត្ថភាពធ្វើវាអោយក្លាយទៅជាការពិតបាន។

It's only fair to share...Share on Facebook0Share on Google+0Tweet about this on TwitterShare on LinkedIn0