ជំពូក១ ស្គាល់ខ្លួនឯង រៀបចំគោលដៅ និងផែនការសកម្មភាព ដេីម្បីភាពជោគជ័យ និងសុភមង្គល

មនុស្សយេីងគ្រប់រូប ដែលបានកេីតមកលេីភពផែនដីបានស្ពាយមកជាមួយនូវចម្ងល់ជាច្រេីន។ យេីងអាចកត់ សម្គាល់ឃេីញចម្ងល់ទាំងនេះនៅក្នុងកែវភ្នែកទាំងគូររបស់ក្មេងៗ ចាប់តាំងពីពេលគេកេីតចេញពីផ្ទៃម្តាយភ្លាមម្ល៉េះ បេីទោះបីគេមិនទាន់អាចនិយាយស្តីអ្វីអោយយេីងយល់បានក្រៅតែពីស្រែកយំ។ ដោយសារតែចម្ងល់ទាំងនេះ ទេីបក្មេងៗគ្រប់ជាតិសាសន៍ទាំងអស់ ទន្ទឹងរង់ចាំតែពេលដែលគេចេះនិយាយ នឹងអាលសួរសំនួរដល់ឳពុកម្តាយរបស់គេថា អានេះអីគេ? អានោះអីគេ? ម៉េចបានជាអញ្ចឹង? ។ល។ គេតែងសួរសំនួរដដែលនេះមិនចេះនឿយហត់ឡេីយ រហូតមានពេលខ្លះសួរទាល់តែឳពុកម្តាយគេធុញទ្រាន់ក៏មាន។ នៅពេលដែលគេធំឡេីងបន្តិចម្តងៗ និងរហូតដល់ពេញវ័យ និងពាក់កណ្តាលជីវិត គេបន្តមានចម្ងល់និងសួរសំនួរផ្សេងៗជាច្រេីនទៀតមិនចេះចប់ ហេីយអ្នកខ្លះនៅមានសំនួរ និងចម្ងល់រហូតដល់វ័យចំណាស់ ឬអស់អាយុក៏មានដែរ។ ចម្លេីយសាមញខ្លះគេអាចទទួលបានពីឳពុកម្តាយ រីឯចំលេីយសីុជម្រៅ ឬបែបវិទ្យាសាស្រ្ត គេអាចរកបានពីការសិក្សាស្រាវជ្រាវនៅឯសាលារៀន ឬតាមអុិនធ័រណិត។

កាលនៅពីក្មេងអាយុប្រហែល ៤ឆ្នាំ ជីដូនខ្ញុំតែងពរខ្ញុំដេីរទៅវាលស្រែខាងកេីតផ្ទះ ដែលនៅទីនោះមានដេីមត្នោតមួយជួរ និងមានដេីមញិញដុះព័ទ្ធជំុវិញគល់ត្នោត។ ខ្ញុំតែងរំអុកជីដូនខ្ញុំអោយពរខ្ញុំទៅទីនោះព្រោះខ្ញុំចូលចិត្តញាុំផ្លែញិញទុំ និងជាពិសេសមេីលសត្វមួយប្រភេទដែលខ្ញុំស្រឡាញ់ចូលចិត្ត។ សត្វនោះគឺសត្វមេអំបៅដែលមានពណ៌ល្អស្អាត ហេីយអាចហោះហេីរបាន។ មានសត្វមេអំបៅជាច្រេីនដែលតែងហេីររោមផ្កាញិញនៅជំុវិញគល់ត្នោត។ កាលនោះខ្ញុំតែងសួរជីដូនខ្ញុំថាអានឹងអីគេ? ជីដូនខ្ញុំក៏ឆ្លេីយថាមេអំបៅ។ ខ្ញុំក៏សួរទៀតថា មេអំបៅវាកេីតមកពីណា? គាត់ក៏ឆ្លេីយថាវាកេីតមកពីមេវា។ ខ្ញុំក៏ឆ្ងល់ហេីយបន្តសួរទៀតថាតេីមេវាកេីតមកពីណា? គាត់ក៏ឆ្លេីយថា កេីតមកពីយាយវា។ ហេីយចុះយាយវាកេីិតមកពីណា? ខ្ញុំក៏សួរទៀត។ ពេលនោះជីដូនខ្ញុំថា កេីតមកពីយាយទួតវា។ ខ្ញុំក៏ថា អញ្ចឹងមេអំបៅមានយាយដូចខ្ញុំដែរ។ គាត់ថាសត្វអ្វីក៏មានយាយវាដែរ។ ជីដូនរបស់ខ្ញុំបានព្យាយាមឆ្លេីយអស់ពីសមត្ថភាពរបស់គាត់ ហេីយចំលេីយទូទៅនេះគឺអាចទទួលយកបាន។ ក៏ប៉ុន្តែនៅពេលដែលខ្ញុំធំពេញវ័យ ទេីបខ្ញុំបានដឹងថាសត្វមេអំបៅទាំងអស់សុទ្ធតែឆ្លងកាត់ការបម្លែងខ្លួនតាមលក្ខណៈធម្មជាតិរបស់វាដ៏គួរអោយស្ញប់ស្ញែងបំផុត។ វាចាប់ផ្តេីមពីពងសតូចមួយនៅក្រោមសំបកស្លឹកឈេី រួចញាស់ចេញទៅជាសត្វដង្កូវតូចមួយដែលមានក្បាលខ្មៅ។ មួយរយៈខ្លីក្រោយមកវាបានប្រែរូបទៅជាដង្កូវដុះស្នែងដែលចូលចិត្តសីុស្លឹកឈេីជាអាហារ។ បន្ទាប់មកទៀតវាបានព្យួរខ្លួនវាទៅនឹងមែកឈេីរួចក៏បកស្បែកដង្កូវនេះចេញ នៅសល់ស្បែកស្តេីងពណ៌ពងមាន់រំុព័ទ្ធជុំវិញខ្លួនវា រួចប្តូរទៅពណ៌បៃតង។ ប្រហែល ២សប្តាហ៍ក្រោយមកយេីងអាចមេីលឃេីញទំរង់ជាសត្វមេអំបៅ និងមេីលឃេីញស្លាបរបស់វាមានពណ៌ចំរុះ។ មិនយូរប៉ុន្មានវាក៏ហែកសំបកនោះចេញ
ហេីយសម្ងំស្ងៀមបន្តិចដេីម្បីបន្សាំទៅនឹងធាតុអាកាសខាងក្រៅ រួចក៏ហេីរទៅរកចំណី។ ការបម្លែងងខ្លួននេះ ពិតជាគួរអោយស្ញប់ស្ញែងខ្លាំងណាស់ ហេីយបេីអ្នកចង់ឃេីញច្បាស់អ្នកអាចមេីលវីដេអូរខ្លីនៅលេីអុិនធ័រណិត ស្វែងរកនៅក្នង Google Search ឬ YouTube រួចវាយអក្សរ Butterfly Transformation។នៅពេលដែលខ្ញុំពិចារណាទៅលេីសត្វមែអំបៅដែលបានបម្លែងខ្លួនចេញពីដង្កូវ ធ្វេីអោយខ្ញុំគិតទៅដល់ការបម្លែងខ្លួនរបស់មនុស្សចាប់តាំងពីចាប់កំណេីតរហូតដល់ធំពេញរូបរាង។
មនុស្សក៏មានការបម្លែងខ្លួនជាច្រេីនដំណាក់កាលស្រដៀងគ្នាទៅនឹងមេអំបៅដែរ គ្រាន់តែរូបសណ្ថាននៃការប្រែប្រួលរូបរាង្គកាយមិនដូចគ្នាតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី អ្វីដែលមនុស្សបម្លែងមិនចេះចប់នោះគឺគំនិត ដែលជាប្រភពនៃការលូតលាស់ និងរីកចំរេីនឥតដែនកំណត់ខុសពីសត្វមេអំបៅ និងពពួកសត្វឯទៀត។

ដោយសារវល់តែចង់ដឹង និងចង់ឮអំពីអ្វីគ្រប់យ៉ាងនៅជំុវិញខ្លួន និងនៅលេីផែនដី មនុស្សយេីងជាច្រេីននាក់ មានការធ្វេសប្រហែស និងមានចំនុចខ្វះខាតមួយ គឺមិនស្គាល់ខ្លួនឯងអោយបានច្បាស់។ យេីងមិនបានសួរសំនួរថាតេីយេីងជានរណា? តេីយេីងកេីតមកលេីភពផែនដីនេះដេីម្បីអ្វី? តេីយេីងចង់អោយជីវិតយេីងមានលក្ខណៈបែបណា? ។ល។

ខ្ញុំទេីបតែស្គាល់ខ្លួនឯងបានច្បាស់នៅពេលដែលខ្ញុំមានអាយុ ៣០ឆ្នាំ បន្ទាប់ពីខ្ញុំចាប់ផ្តេីមសួរសំណួរជាច្រេីនមកកាន់ខ្លួនឯង និងធ្វេីការឆ្លុះបញ្ចាំងត្រឡប់ទៅអ្វីៗគ្រប់យ៉ាងដែលបានកេីតឡេីងនៅក្នុងកំឡុងពេល ៣០ ឆ្នាំនោះ ជាពិសេសក្នុងរយៈពេល ២៥ឆ្នាំ ដែលខ្ញុំបានចងចាំ។ ការស្គាល់ខ្លួនឯងច្បាស់ធ្វេីអោយខ្ញុំមានអារម្មណ៍រំភេីបក្រៃលែង ព្រោះវាអាចធ្វេីអោយខ្ញុំកែតម្រូវ និងតម្រែតម្រង់គោលដៅជីវិត អោយត្រូវនឹងចំណង់ចំណូលចិត្ត និងបេសកកម្មជីវិតរបស់ខ្ញុំផ្ទាល់។ ប្រសិនបេីខ្ញុំមិនបានសួរសំណួរទាំងនោះមកកាន់ខ្លួនឯងទេ ខ្ញុំប្រហែលជាមិនបានស្គាល់ខ្លួនឯងជារៀងរហូត។ តាមពិតទៅយេីងមិនចាំបាច់រង់ចាំរហូតដល់ពេលមានអាយុច្រេីនទេីបបានស្គាល់ខ្លួនឯងអោយបានច្បាស់នោះទេ។ ផ្ទុយទៅវិញការស្គាល់ខ្លួនឯងអោយបានច្បាស់កាន់តែឆាប់កាន់តែប្រសេី ដេីម្បីកំុអោយខាតពេលវេលា។ ដូច្នេះពេលវេលាដែលល្អបំផុតសម្រាប់ស្គាល់ខ្លួន
ឯងអោយច្បាស់គឺនៅក្រោមអាយុ ២០ឆ្នាំឬនៅពេលដែលយេីងកំពុងរៀននៅវិទ្យាល័យ។

ហេតុអ្វីយេីងចាំបាច់ត្រូវស្គាល់ខ្លួនឯងអោយបានច្បាស់? គឺពីព្រោះថា យើងត្រូវកសាងជីវិតមួយអោយត្រូវនឹងចំណង់ចំណូលចិត្ត ទេពកោសល្យ និងបេសកកម្មនៃជីវិតរបស់យេីង ដេីម្បីអោយជីវិតយេីងជួបនូវភាពរីករាយ ភាពស្រស់បំព្រង ជាពិសេសដេីម្បីអោយជីវិតយេីងពោរពេញទៅដោយអត្ថន័យ ឬគេហៅថាធ្វេីអោយជីវិតមានន័យ។

និយាយអោយងាយយល់គឺត្រូវមានប្លង់ជីវិតដូចដែលយើងមានប្លង់ផ្ទះមុននឹងធ្វើការសាងសង់វាអញ្ចឹងដែរ។ ជាក់ស្តែងប្លង់ជីវិតភាគច្រើនមិនត្រូវបានគូសចេញមកក្រៅដូចប្លង់ផ្ទះ ឬប្លង់អគារនោះទេ។ តែវាស្ថិតនៅក្នុងសុបិន្ត នៅក្នុងចិត្ត និងក្នុងអារម្មណ៍របស់យើងម្នាក់ៗ។ ដូច្នេះចំនុចចាប់ផ្តើមនោះគឺយើងត្រូវបង្កើតរូបភាពជោគជ័យអោយលេចឡើងនៅក្នុងគំនិត និងនៅក្នុងចិត្ត ដែលផ្សារភ្ជាប់ជាមួយនិងអារម្មណ៍របស់យើងអោយបានច្បាស់លាស់ និងត្រឹមត្រូវជាមុនសិនទេីបយេីងធ្វេីសកម្មភាពដេីម្បីប្រែក្លាយរូបភាពជោគជ័យនោះ អោយទៅជាភាពជោគជ័យពិតប្រាកដនៅក្នុងជីវិតយេីង។

តើអ្នកចង់ធ្វើអ្វី? តើអ្នកចង់ឃើញជីវិតអ្នកនាពេលអនាគតមានលក្ខណៈយ៉ាងដូចម្តេច? តេីធ្វេីយ៉ាងណាទេីបអ្នកប្រាកដថា ការចង់ធ្វើអ្វីមួយ ឬចង់បានអ្វីមួយនេះ ជាការផុសចេញពីចិត្ត និងអារម្មណ៍ពិតរបស់អ្នកដោយផ្ទាល់ ពុំមែនជាគំនិតរបស់អ្នកណាផ្សេងឡើយសូម្បីតែអ្នកដែលមានឥទ្ធិពលនៅក្នុងជីវិតអ្នកក៏ដោយ? បើពុំដូច្នោះទេ អ្នកអាចនឹងស្វែងរកអត្ថន័យដ៏ពេញលេញ
សំរាប់ជីវិតមិនឃេីញ ឬមិនអាចប្រេីប្រាស់អស់សក្តានុពលដែលអ្នកមានក្នុងភាពជាមនុស្ស។

នៅក្នុងតថភាពសង្គមជាក់ស្តែង មានមនុស្សជាច្រើននាក់ណាស់ ដែលសំរេចចិត្ត និងកំណត់ថាខ្លួនចង់ធ្វើអ្វីមួយទៅតាមមិត្តភក្កិ ឬដោយឃើញគេធ្វើបានជោគជ័យ ក៏តាំងមានចិត្តចង់ធ្វេីតាមគេដែរ។ ជាញឹកញាប់ឳពុកម្តាយតែងចង់គូសវាសផ្លូវអោយកូនដើរ ដោយកំណត់អោយកូនរៀនពីនេះ ពីនោះ ហើយពេលកូនធំឡើងអោយធ្វើនេះ ធ្វើនោះតាមក្តីប្រាថ្នារបស់ពួកគាត់។ ជាការពិតហើយដែលឳពុកម្តាយគ្រប់រូបមានកាតព្វកិច្ចរៀបចំអនាគតអោយកូនរបស់ខ្លួន ប៉ុន្តែសូមអោយប្រាកដថាការរៀបចំនោះវាត្រូវជាមួយចិត្ត និងអារម្មណ៍ ឬក្តីប្រាថ្នារបស់កូនដែរ បើពុំនោះទេ ជាលទ្ធផលគឺពួកគាត់ អាចនឹងមិនបានចូលរួមផ្តល់អត្ថន័យពេញលេញដល់កូនរបស់ខ្លួនឡេីយ។

ត្រូវចាំថាមនុស្សគ្រប់រូបមិនដូចគ្នាទេ ដូច្នេះទេពកោសល្យ និងចំណង់ចំនូលចិត្តពួកគេក៏មិនដូចគ្នាដែរ។ អាស្រ័យហេតុនេះ ប្រការល្អគឺអាណាព្យាបាល ឬឳពុកម្តាយត្រូវចេះសង្កេតមេីលពីចំណង់ចំនូលចិត្តរបស់កូន រួចពិភាក្សាគ្នាជាមួយកូនអោយបានដិតដល់ក្នុងការរៀបចំប្លង់ជីវិតនេះឡេីង។ រីឯកូនវិញ គឺត្រូវចេះ និងហ៊ាននិយាយប្រាប់ឳពុកម្តាយ អំពីចំណង់ចំណូលចិត្តរបស់ខ្លួន  និងសំុសិទ្ធិចូលរួមធ្វេីការសម្រេចចិត្ត និងរៀបចំជីវិតរបស់ខ្លួន។

ចំនុចខាងក្រោមនេះ គឺជាជំនួយក្នុងការរៀបចំប្លង់ជីវិត តាមរយៈការស្វែងយល់អំពីខ្លួនឯង៖

អានបន្តៈ​ http://preapkol.com/ជំពូក​ទី១-១-ស្គាល់ចំណង់/

It's only fair to share...Share on Facebook0Share on Google+0Tweet about this on TwitterShare on LinkedIn0