ជំពូក១​ ២. ស្គាល់ទេពកោសល្យខ្លួនឯង

២.​​​ ស្គាល់ទេពកោសល្យខ្លួនឯង

មនុស្សដែលយើងស្ងើចសរសើរ និងបុគ្គលដែលទទួលបានជោគជ័យទាំងអស់សុទ្ធសឹងជាអ្នក ដែលស្គាល់ពីទេពកោសល្យរបស់ខ្លួន ហើយចេះប្រើប្រាស់វាអោយបានត្រឹមត្រូវ និងអស់ពីលទ្ធភាព ឬសក្តានុពល។ ប៉ុន្តែមានមនុស្សមិនតិចនាក់ទេដែលខ្ញុំបានជួប ដែលជាអ្នកមិនបានដឹង ឬមើលមិនឃើញអំពីទេពកោសល្យរបស់ខ្លួន។ ចូរអ្នកកុំយល់ច្រឡំថាមានមនុស្សតែ២ ឬ ៣ នាក់ប៉ុណ្ណោះ ដែលមានទេពកោសល្យពីធម្មជាតិ។ ការយល់ច្រឡំបែបនេះគឺជាមូលហេតុដែលធ្វើអោយអ្នកមិនបានប្រើប្រាស់ទេពកោសល្យរបស់ខ្លួន អោយអស់ពីលទ្ធភាព និងអស់ពីសក្តានុពលរបស់អ្នក។

តាមពិតទៅមនុស្សយើងគ្រប់រូបសុទ្ធតែមានទេពកោសល្យរៀងៗខ្លួន។ ប៉ុន្តែយើងចេះប្រើទេពកោសល្យរបស់យើងបានកំរិតណានោះ វាអាស្រ័យលើខ្លួនយើងផ្ទាល់។ អ្នកឯកទេសនិងអ្នកស្រាវជ្រាវខាងផ្នែកស្វែងរកសុភមង្គលរបស់មនុស្ស បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ទេពកោសល្យ រួមជាមួយនិងចំណង់ចំណូលចិត្តរបស់យើងក្នុងការបង្កើតការងារ ឬអាជីពយូរអង្វែង។ ទេពកោសល្យនៅទីនេះគឺខ្ញុំសំដៅទៅលើជំនាញពិសេស មិនមែនជំនាញធម្មតា ដែលយើងចេះបន្ទាប់ពីបានរៀននៅសាលា ឬតាមរយៈការអប់រំជាផ្លូវការណាមួយ ដែលអ្នកបានឆ្លងកាត់នោះទេ។ មានន័យថាអ្នកមានជំនាញពិសេសពីធម្មជាតិរួចទៅហើយ ប៉ុនែ្តបន្ទាប់ពីបានរៀនសូត្រ ហ្វឹកហាត់បន្ថែម និងធ្វេីការដកពិសោធន៍ អ្នកកាន់តែចេះស្ទាត់ថែមមួយកំរិត
ទៀត។

មនុស្សម្នាក់ៗសុទ្ធតែមានជំនាញពិសេស ឬទេពកោសល្យផ្ទាល់ខ្លួនអ្វីមួយ ដែល
ចំនុចនេះគឺអាចធ្វើអោយគេធ្វើអ្វីមួយបានយ៉ាងស្ទាត់ជំនាញ និងដោយងាយ ដែលអ្នកដទៃមិនអាចធ្វើបាន ឬធ្វើបានយ៉ាងលំបាក។ អ្នកត្រូវតែរកអោយឃើញនូវជំនាញពិសេសនេះ រួចហើយធ្វើជាម្ចាស់លើវា ឬធ្វើជាអ្នកគ្រប់គ្រងវា ដើម្បីដុសខាត់
បនែ្ថម និងប្រើប្រាស់វាអោយអស់សក្តានុពល។ វាជាការសំខាន់ណាស់ ដែលអ្នកត្រូវរកអោយឃើញនូវចំណងទាក់ទងគ្នារវាងចំណង់ចំណូលចិត្ត​​​ និងទេពកោសល្យនេះ។ ជាទូទៅចំនុចទាំងពីរនេះវាជាបងប្អូននិងគ្នា ហើយមានតួនាទីជួយអ្នកអោយក្លាយជាមនុស្សជោគជ័យ ផ្តល់នូវភាពរីករាយ និងសុភមង្គលទៅអោយអ្នក ពោលគឺពួកវារង់ចាំទទួលបញ្ជាពីអ្នក។

ឧទាហរណ៍ ទេពកោសល្យរបស់អ្នកគឺសមត្ថភាពពិសេសក្នុងការលើកទឹកចិត្តនិងគ្រប់គ្រង មនុស្ស ហើយអ្នកអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយគេឯងបានដោយងាយ។ មិនតែប៉ុណ្ណោះអ្នកអាចលើកទឹកចិត្តអោយពួកគេសំរេចកិច្ចការធំៗបានយ៉ាងច្រើនទៀតផង។ អ្នកខ្លះមានទេពកោសល្យខាងបច្ចេកវិទ្យាអេឡិចត្រូនិច អ្នកខ្លះខាងសិល្បៈ អ្នកខ្លះខាងគំនូរ អ្នកខ្លះខាងតែងនិពន្ធ (កំណាព្យ ឬបទចំរៀង) អ្នកខ្លះខាងទស្សនៈវិជ្ជា អ្នកខ្លះទៀតខាងតួរលេខ ឬស្ថិតិ និងអ្នកខ្លះទៀតខាងភាសា
បរទេស។ល។ ពេលខ្លះគេហៅទេពកោសល្យថា “ដុង” ឧទាហរណ៍ ថាអ្នកមានដុងខាងផ្នែកទំនាក់ទំនងសាធារណៈ និងការងារទីផ្សារ ឬអ្នកមានដុងខាងចម្រៀងសម័យ ឬបុរាណ។ល។

២.១​​​ ទេពកោសល្យ និងការហ្វឹកហាត់

មិនថាទេពកោសល្យរបស់អ្នកជាអ្វីក៏ដោយ វាជាកម្មសិទ្ធិរបស់អ្នកដែលមានមកតាំងពីកំនើត និងតាមបែបធម្មជាតិ។ អ្នកអាចសំលៀងវាអោយស្រួច ឬធ្វើអោយវាល្អប្រសើរតាមរយៈការសិក្សារៀនសូត្រ ឬហ្វឹកហាត់ដើម្បីត្រៀមខ្លួនធ្វើកិច្ចការងារជាប្រយោជន៍ដល់ខ្លួនអ្នកផ្ទាល់ ដល់ក្រុមគ្រួសារអ្នក​​​ និងដល់សង្គមជាតិទាំងមូល។

ជាការពិតណាស់គេត្រូវការអ្នកជំនាញពិតប្រាកដយកមកធ្វើការងារ ពោលគឺអ្នកដែលរៀនសូត្រជំនាញបច្ចេកទេសពីសាលា និងមានសញ្ញាបត្រ័ត្រឹមត្រូវ និងពិតប្រាកដ។ ប៉ុន្តែទន្ទឹមគ្នានេះដែរគេក៏ត្រូវការអ្នកដែលមានទេពកោសល្យផងដែរ។ អ្នកខ្លះផ្តោតការយកចិត្តទុកដាក់ទៅលើការសិក្សានៅសាលារៀន ព្រោះចង់បានសញ្ញាប័ត្រឯកទេសអ្វីមួយ ដែលគេយល់ថាឡូយបើទោះបីជាខ្លួនឯងមិនមានទេពកោសល្យ ឬ ជំនាញផែ្នកហ្នឹងក៏ដោយ។ មានអ្នកខ្លះទៀតសិក្សានៅ ២ ឬ ៣ មហាវិទ្យាល័យក្នុងពេលតែមួយ ជាពិសេសអ្នកដែលឳពុកម្តាយមានជីវភាពធូរធារ ដោយពួកគេយល់ឃើញថាមានជម្រើសច្រើនក្នុងការស្វែងរកការងារធ្វើ នៅពេលបញ្ចប់ការសិក្សា។ បើទោះបីជាការធ្វើបែបនេះវាអាចជួយអោយពួកគេត្រៀមលក្ខណៈតម្រូវតាមទីផ្សារការងារក៏ដោយ ជួនកាលវាក៏អាចជះឥទ្ធពលមិនល្អខ្លះដែរ និងពេលខ្លះធ្វើអោយពួកគេមិនមានភាពច្បាស់លាស់ ឬប្រាកដប្រជាលើជំនាញណាមួយអោយជាក់
លាក់។ ម្យ៉ាងវិញទៀតការរៀនច្រើនមុខវិជ្ជាពេក វាអាចមានភាពច្របូកច្របល់ និងអាចក្លាយជាឧបសគ្គ ក្នុងការដុសខាត់ ឬសម្រួចទេពកោសល្យពីធម្មជាតិរបស់ខ្លួនអោយបានល្អប្រសើរជាអតិបរិមា។ ឧបមាថាមិត្តភក្កិរបស់អ្នករៀន នៅ ៣ មហាវិទ្យាល័យក្នុងពេលតែមួយ ហើយបន្ទាប់ពីបានបញ្ចប់ការសិក្សាជាស្ថាពរគាត់បានទទួលបរិញ្ញាប័ត្រចំនួន ៣ ប៉ុន្តែគាត់បាននិទ្ទេសC D និងE រីឯខ្លួនអ្នកវិញគឺរៀននៅតែ១មហាវិទ្យាល័យ ដោយផ្តោតទៅលើជំនាញ ដែលផ្សារភ្ជាប់ទៅនឹងទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់អ្នក។ នៅពេលបញ្ចប់ការសិក្សា អ្នកទទួលបាននិទ្ទេស A ស្ទើរតែគ្រប់មុខវិជ្ជាទាំងអស់ និងយ៉ាងអន់បំផុតក៏បាននិទ្ទេស B ដែរ។​​​ តើអ្នកគិតថាមួយណាប្រសើរជាង?​

ប្រសិនបើអ្នកត្រូវតែរៀននៅ២មហាវិទ្យល័យក្នុងពេលតែមួយ សូមជ្រើសរើសមុខជំនាញដែលអ្នករៀនអោយមានការទាក់ទង ឬបំពេញបន្ថែមអោយគ្នាទៅវិញទៅមក និងជាពិសេសអ្នកត្រូវប្រាកដថា ខ្លួនអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានសមត្ថភាពផ្នែកខួរក្បាលដើម្បីរៀនអោយបានពូកែ និងទទួលបាននិទេ្ទសល្អគ្រប់មុខវិជ្ជា។ ពុំនោះទេ អ្នកគ្រាន់តែមានបរិមាណសញ្ញាប័ត្រច្រើន ប៉ុន្តែគុណភាពនៃចំណេះពុំសូវមានឡើយ។

ក្រៅពីរៀនអំពីជំនាញ ដែលត្រូវគ្នាជាមួយនិងទេពកោសល្យ និងចំណង់ចំណូលចិត្ត អ្នកក៏ត្រូវឆ្លៀតរៀនជំនាញកុំព្យូទ័រ និងភាសាបរទស អោយបានល្អ និងស្ទាត់ជំនាញផងដែរ ពីព្រោះនៅក្នុងសម័យទំនើបបច្ចុប្បន្ន និងការធ្វើសមាហរណកម្ម ឬសកលភាវូបនីយកម្ម គេត្រូវការជំនាញទាំងអស់នេះ ជាមធ្យោបាយទំនាក់ទំនងគ្នាជាការចាំបាច់ ដែលមិនអាចខ្វះបាន។

ជាក់ស្តែង ខ្ញុំបានឃើញមនុស្សជាច្រើន ដែលមិនអាចផ្សារភ្ជាប់ការសិក្សា
ទៅនឹងទេព្យកោសល្យ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ វាជាការគួរអោយស្តាយខ្លាំងណាស់ ព្រោះថាភាគច្រើននៃបុគ្គលដែលមិនបានធ្វើដូច្នោះ នៅពេលគេចូលបំរើការងារ ពួកគេពុំសូវមានសក្តានុពល ឬក្លាយខ្លួនជាបុគ្គលឆ្នើមបានឡើយដោយហេតុថាសមត្ថភាពពួកគេក៏មិនសូវលេចធ្លោ និងរឹតតែពិសេសទៅទៀតនោះ គេអាចនិងងាយធុញទ្រាន់ជាមួយនិងការងារដោយងាយ ពីព្រោះពួកគេមិនបានស្រឡាញ់ការងារនោះផង។ នេះហើយជាមូលហេតុចម្បងមួយ ក្នុងចំណោមហេតុផល
ឯទៀត នៃការបំពេញកិច្ចការមិនសូវបានល្អ។

តើត្រូវធ្វើដូចម្តេចទើបអ្នកអាចដឹងថាអ្វីជាទេពកោសល្យរបស់អ្នក?

ក្នុងករណី ដែលរូបអ្នកមានភាពស្រពិចស្រពិលអំពីទេពកោសល្យរបស់អ្នក ចូរសួរ និងឆ្លើយ
សំនួរខាងក្រោមនេះ ដោយឆ្លុះបញ្ចាំងលក្ខណៈពិតប្រាកដរបស់អ្នកផ្ទាល់។

១. កាលអ្នកនៅពីក្មេង តើអ្នកចង់ធ្វើអ្វីនៅពេលខ្លួនអ្នកធំឡេីង?

២. តើអ្នកចូលចិត្តមុខវិជ្ជាអ្វីជាងគេនៅពេលរៀននៅបឋមសិក្សា  វិទ្យាល័យ និងនៅមហា
វិទ្យាល័យ?

 

៣. តើអ្នកគិតថាអ្វីជាចំនុចខ្លាំង (ចំនុចពិសេស) របស់អ្នក?

៤. តើគេសរសើរអ្នកទៅលើអ្វី ហើយគេច្រណែននឹងអ្នកដោយសារអ្វី?

៥. តើអ្វីដែលអ្នកធ្វើបានដោយងាយបំផុត (ដូចបកចេកទុំ)?

៦. តើអ្នកចូលចិត្តផ្តល់អ្វីអោយទៅគេ?

៧. ចូរជ្រើសរើសពាក្យ ៣ មា៉ត់ ដែលពិពណ៌នាអំពីខ្លួនអ្នក?

៨. តើអ្នកមានជំនាញ ឬចំនុចពិសេសអ្វី ដែលខុសពីមនុស្សនៅជំវិញអ្នក?

៩. ចូរសរសេរនូវអ្វីដែលអ្នកយល់ថាជាទេពកោសល្យរបស់អ្នក (បើទោះជាអ្នកយល់ថា អ្នកត្រូវហ្វឹកហាត់បន្ថែមទៀតក៏ដោយ)។

និយាយអំពីទេពកោសល្យខ្ញុំវិញ រាប់ចាប់ពីវ័យកុមារមកគឺខ្ញុំពូកែខាងនិយាយព្រោកប្រាចទៅកាន់
មិត្តភក្កិ  មានទំនាក់ទំនងល្អ ជាមួយអ្នកផងឯទៀត ទាំងក្មេង ទាំងចាស់នៅក្នុងភូមិ។ នៅក្នុង
ថ្នាក់រៀនខ្ញុំត្រូវបានគ្រូតែងតាំង ឬសិស្សបោះឆ្នោតអោយធ្វើជាប្រធានថ្នាក់ស្ទើររៀងរាល់ឆ្នាំជា
ពិសេសចាប់ពីបឋមសិក្សា រហូតដល់វិទ្យាល័យ ដោយសារខ្ញុំជាសិស្សពូកែ។ ខ្ញុំមានទេពកោ
សល្យខាងតែងសេចក្តី និពន្ធកំណាព្យ និងភាសាបរទេស និងមានចរិតល្អ។​​

នៅក្នុងវ័យកុមារ ខ្ញុំនៅចាំរឿងមួយក្នុងទសវត្យទី៨០ (១៩៨៥ ១៩៨៩) នៅពេលដែលក្មេងៗសម័យនោះមានចំហាយ និងឥទ្ធិពលសង្រ្គាម ដែលឆ្លងចេញពីអាណាព្យាបាលនិងយុវជននាសម័យនោះ។ កាលនោះមានការធ្វើសង្រ្គាមជំពាមកៅស៊ូ តទល់ជាមួយនិងក្មេងៗឯទៀតនៅក្នុងភូមិជិតខាង ហើយមានការប្រយុទ្ធតតាំងគ្នាស្ទើររៀងរាល់ថ្ងៃនៅឯវាលស្រែខាងក្រោយផ្ទះខ្ញុំ។ ដោយសារភាពក្លាហាននិងប្រាជ្ញាក្នុងចំណោមក្មេងៗឯទៀតខ្ញុំត្រូវបានគេតែងតាំងជាមេទ័ពក្នុងសមរភូមិប្រយុទ្ទនោះ។ ក្នុងតំណែងជាមេទ័ពកាលនោះខ្ញុំត្រូវដកពិសោធន៍អំពីយុទ្ធសាស្ត្រក្នុងការតតាំង និងទប់ទល់ជាមួយដៃគូប្រយុទ្ធដ៏ស្វិតស្វាញដូចជា៖ តើពេល
ណាត្រូវវាយលុក ឬត្រូវដកថយ ឬប្រើចិត្តសាស្រ្តក្នុងការបំភ័យ និងពេលខ្លះត្រូវធ្វើការចរចារជាដើម។ វាជាបទពិសោធន៍ ក្នុងការដឹកនាំមួយ ដែលខ្ញុំបានឆ្លងកាត់ក្នុងវ័យកុមារហើយវាក៏ជារឿងអតីតកាល មួយឈុតឆាកក្នុងជីវិតខ្ញុំដែរ។នៅចន្លោះឆ្នាំ១៩៨៩ ដល់ ឆ្នាំ១៩៩១ ខ្ញុំធ្វើជាអ្នកចំរៀងអម ជាមួយក្រុមតន្រី្តនៅឯជនបទជាមួយបងប្រុសជីដូនមួយរបស់ខ្ញុំ ដែលជាអ្នកលេងហ្គីតាសូឡូ និងក្រោយមកទៀតដើរច្រៀងជាមួយពូរបស់ខ្ញុំ ។ កាលនោះខ្ញុំទើបមានអាយុ៩ និង១០ ឆ្នាំ ខ្ញុំចូលចិត្តច្រៀង ហើយមានសំលេងពិរោះគួរសម ប៉ុន្តែពិសេសជាងនេះទៅទៀតនោះគឺខ្ញុំមានភាពក្លាហានក្នុងការឈរលើឆាកហើយច្រៀង និងរាំដោយអារម្មណ៍រីករាយ។ មានមនុស្សជាច្រើនដែលមានសំលេងពិរោះជាងខ្ញុំ ប៉ុន្តែគេគ្មានភាពក្លាហានក្នុងការច្រៀងនៅលើឆាកបែបនេះទេ។ អាជីពជាអ្នកចំរៀងវ័យក្មេងពេលនោះបាន
ផ្តល់នូវប្រាក់ចំណូលខ្លះៗសំរាប់ចិញ្ចឹមជីវភាព និងសម្រាប់ការចាយ
វាយរបស់ខ្ញុំផងដែរ។ មួយឈុតនៃបទពិសោធន៍របស់ខ្ញុំនេះ គឺប្រហែលជាដុងមួយដែលខ្ញុំមាន ដោយសារឳពុករបស់ខ្ញុំក៏ធ្លាប់ជាអ្នកលេងហ្គីតាសូឡូដែរ ហើយកាលខ្ញុំនៅអាយុ ៣ ឬ៤ឆ្នាំខ្ញុំឧស្សាហ៍ទៅស្តាប់គាត់លេងហ្គីតា និងច្រៀង នៅឯវាលស្រែខាងជើងផ្ទះ គឺនៅក្បែរដើមខ្ននមួយដើម។

នៅពេលធ្វើការឆ្លុះបញ្ចាំងទៅនឹងអតីតកាល ខ្ញុំបានរកឃើញថា ខ្លួនខ្ញុំផ្ទាល់បានប្រើប្រាស់ទេពកោសល្យដែលមានតាំងពីវ័យក្មេងជាច្រើន នៅក្នុងមុខងារបច្ចុប្បន្នដូចជា៖ ជំនាញទំនាក់ទំនងសាធារណៈ ការដឹកនាំនិងគ្រប់គ្រងមនុស្ស ការនិយាយសាធារណៈ និងការគិតជាយុទ្ធសាស្ត្រជាដើម។ល។ ពោលគឺទេពកោសល្យទាំងនោះពិតជាបានជួយអោយខ្ញុំសម្រេចកិច្ចការជាច្រើនដែលខ្ញុំកំពុងធ្វើនាពេលបច្ចប្បន្ននេះ និងតទៅអនាគត។ ដូច្នេះការសំលៀង ឬការដុសខាត់ទេពកោសល្យពីធម្មជាតិរបស់យើងដែលមានតាំងពីវ័យក្មេង វាអាចជួយយើងអោយបំពេញការងារបានល្អ និងប្រកបដោយការពេញចិត្ត ដែលនេះជាភាពរីករាយ និងសុភមង្គលមួយបែប នៅក្នុងអាជីពការងារ ហើយយើងអាចរកឃើញនូវអត្ថន័យសម្រាប់ជីវិតមួយផ្នែករបស់យើង ចេញពីនេះផងដែរ។

It's only fair to share...Share on Facebook0Share on Google+0Tweet about this on TwitterShare on LinkedIn0